ឯកឧត្តម សាន វិសាល អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
- ២ ថ្ងៃមុន ថ្ងៃទី៣០ ខែតុលា ២០២៤
- សកម្មភាពក្រសួង
ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវចំនួន ១ខ្សែ (ផ្លូវភូមិប្រសាទបី-កន្ទុយជូន-វល្លិ៍យាវ) ដោយក្រាលល្បាយក្រួស ប្រវែងសរុប ១២ ៨០០ម ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។
លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព និងទទួលយកនូវការបញ្ចប់រយៈពេលធានាសុពលភាព គម្រោងខាងលើ។
នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសខាងលើ ឯកឧត្តម សាន វិសាល និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយ ម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងអប់អរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នូវតំបន់ជនបទឱ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ៕