ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង បានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូ DBSTចំនួន១ខ្សែ មានប្រវែង ៧ ៧០០ម៉ែត្រ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល
- ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នាថ្ងៃអង្គារ ៥រោច ខែអស្សុច ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូ DBSTចំនួន១ខ្សែ មានប្រវែង ៧ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅពីភូមិពាមសាលា ឃុំស្អាងភ្នំ ទៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះ ព្រមទាំងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវនិងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។
ជាកិច្ចបញ្ចប់ គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងបានឯកភាពទទួលយកការបញ្ចប់សុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ៕