ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់កម្មវិធីទី៤
- ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៤ របស់កម្មវិធីទី៤ នៅទីស្ដីការក្រសួង ដោយ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការស្ដីទី ឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដម លោក លោកស្រីទីប្រឹក្សាអមក្រសួង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៣៨នាក់ ស្រី ០៨នាក់។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យនូវរបាយការណ៍វឌ្ឍនភាពប្រចាំខែតុលា ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តក្នុងខែវិច្ឆិកាបន្តទៀត ជាពិសេសពិភាក្សាអំពីការត្រៀមបង្ហាញក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលើកយកបញ្ហាផ្សេងៗ មកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានផ្ដល់ជាអនុសាសន៍ណែនាំឲ្យនាយកដ្ឋានជំនាញទាំង៤ បន្តខិតខំអនុវត្តការងារក៏ដូចជាសកម្មភាពរបស់ខ្លួនឲ្យសម្រេចបាន ១០០% ទៅតាមផែនការដែលបានគ្រោងទុក៕