ក្រុមការងារយេនឌ័រនៃក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់កៀរគរការគាំទ្រទាំងបច្ចេកទេស និងធនធានថវិកាពីដៃគូលើការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិយេនឌ័រ ឆ្នាំ២០២៤ – ២០២៨
- ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារយេនឌ័រនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កៀរគរការគាំទ្រទាំងបច្ចេកទេស និងធនធានថវិកាពីដៃគូលើការអភិវឌ្ឍផែនការយុទ្ធសាស្ត្រជាតិយេនឌ័រ ឆ្នាំ២០២៤ – ២០២៨ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារយេនឌ័រនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងកិច្ចការនារី តំណាងអង្គការដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ ៣៤ រូប (ស្រី ២៧រូប)។
ក្រោយពីបទបង្ហាញរបស់កញ្ញាឱសថបណ្ឌិត ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស និងបទបង្ហាញរបស់លោកស្រី សេង ផលដាវីន អគ្គនាយករង នៃក្រសួងកិច្ចការនារីរួចមក កិច្ចប្រជុំមានការចូលរួមយោបល់យ៉ាងផុលផុសពីសំណាក់ដៃគូអភិវឌ្ឍន៍ និងក្រុមការងារយេនឌ័រ។ ជាលទ្ធផល អង្គការដៃគូបង្ហាញគោលជំហរគាំទ្រលើការងារអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រនេះទាំងផ្នែកថវិកា និងបច្ចេកទេស។ អង្គការដៃគូក៏មានសំណូមពរឲ្យមានកិច្ចប្រជុំចង្អៀតមួយទៀត ដើម្បីលម្អិតពីផែនការ និង TOR បន្ទាប់ទៀត៕