មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ ខែវិច្ឆិកាឆ្នាំ២០២៤
- ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំប្រចាំខែតុលា និងលើកទិសដៅការ ងារបន្តសម្រាប់ ខែវិច្ឆិកា ឆ្នាំ២០២៤ ។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ និងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង សរុបចំនួន ៣៧នាក់ ។
បន្ទាប់ពីបានស្តាប់នូវការអានបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកាឆ្នាំ២០២៤ ដែលបានបង្ហាញដោយលោកប្រធានការិយាល័យផែនការ និងស្ថិតិ រួចមក លោក វ៉ាន់ ថុល ប្រធានមន្ទីរ បានធ្វើការណែនាំ ឱ្យមានការកែសម្រួលចំណុចខ្វះខាតមួយចំនួនតាមបណ្តាលការិយាល័យផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ បានឯកភាពលើរបាយការណ៍ ព្រមទាំងមានការកោតសសើរចំពោះប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងល្អ ការរៀបចំកន្លែងធ្វើការ បរិស្ថានជុំវិញមន្ទីរមានរបៀប បន្ទប់ទឹកមានអនាម័យ ។
ដោយឡែក លោក វ៉ាន់ ថុល ប្រធានមន្ទីរ ក៏បានធ្វើបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងផែនការសកម្មភាពការងារបន្ត ជាពិសេសម៉ោងពេលបំពេញការងារ វត្តមានប្រចាំថ្ងៃរបស់មន្រ្តី ការទទួលខុសត្រូវលើភារកិច្ចការងារឱ្យច្បាស់លាស់ ម្យ៉ាងវិញទៀតនៅក្នុងរដូវកាលនេះមានភ្លៀងធ្លាក់ច្រើនអាចបណ្តាលឱ្យផ្លូវនៅតាមតំបន់ខ្លះរងការខូច ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ ដូច្នេះសូមឱ្យមានការយកចិត្តទុកដាក់ និងតាមដានព័ត៌មាន ចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និង មានសាមគ្គីភាពឱ្យបានល្អ ទាំងក្នងការិយាល័យ និងនៅក្នុងអង្គភាពទាំងមូល។
ដោយឡែកដើម្បីរួមចំណែកអនុវត្តន៍តាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖
ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់
ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅសហគមន៍ជនបទ
ទី៣)ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ
ទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណង “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ៕