ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា។

 

ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានយុវជនកាកបាទក្រហមកម្ពុជា ត្រូវបំពាក់កន្សែង សរុបចំនួន ៤,៧៤២នាក់ ក្នុងនោះមាននារី ៣,១០៦នាក់ មកពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ២៥គ្រឹះស្ថានសិក្សា ។

 

សូមរំលឹកជូនផងដែរថា កាកបាទក្រហមកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញនូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមានតែមួយគត់ឡើងវិញ នៅក្នុងប្រទេស។

 

យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃ បណ្តាញអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែលបច្ចុប្បន្នមានជាង១៦លាននាក់ នៅទូទាំងសកលលោក និងត្រូវបានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំងសកម្មជួរមុខក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ៕

 

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ