ឯកឧត្ដម អ៉ិន ចន្ថា បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
- ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដែលរៀបចំដោយលេខាធិការដ្ឋានក្រុមការងារអន្តរក្រសួង(ត្រី-វិស័យកសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ) និងដឹកនាំដោយសហប្រធានទាំង៣រូបគឺ ឯកឧត្ដម អ៉ិន ចន្ថា ឯកឧត្តម អាន ពេជ្រហត្ដដា និងឯកឧត្តម ឃឹម ហ្វីណង់ ដោយមានអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសនៃក្រុមការងារអន្តរក្រសួងផងដែរ។
កិច្ចប្រជុំមានគោលបំណងពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពបានព្រមព្រៀងគ្នានៅកិច្ចប្រជុំ និងលើកទិសដៅបន្តនាខែបន្ទាប់ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ។
កិច្ចប្រជុំបានពិភាក្សាយ៉ាងផុលផុស និងបានឯកភាពគ្នាលើចំណុចសំខាន់មួយចំនួនរួមមាន៖
– អង្គប្រជុំបានស្នើសុំក្រសួងធនធានទឹកចុះពិនិត្យ និងសិក្សាស្តារទំនប់អូររំដួលដែលជាប្រភពទឹកសំខាន់ក្នុងការស្រោចស្របដល់ការងារកសិកម្ម និងជាតម្រូវការរស់នៅចាំបាច់ក្នុងការអភិវឌ្ឍន៍ភូមិរបស់ប្រជាពលរដ្ឋនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
– អង្គប្រជុំបានពិចារណាជ្រើសរើសទីតាំងដែលបាននឹងកំពុងអនុវត្តដោយគម្រោង CASDP ជាតំបន់គោលដៅក្នុងអភិវឌ្ឍរួមគ្នា ពីព្រោះគម្រោងនេះ បច្ចុប្បន្នបានកំពុងអនុវត្តដោយមានក្រសួង០៤ រួមមានក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទ ធនធានទឹក និងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយទីតាំងនោះមានសក្តានុពល និងមានការអភិវឌ្ឍគ្រប់ជ្រុយជ្រោយដែលអាចឱ្យការអភិវឌ្ឍរួមទទួលបានលទ្ធផល និងប្រសិទ្ធភាពខ្ពស់
– អង្គប្រជុំបានសម្រេចកែសម្រួលខ្លឹមសារមួយចំនួននៅក្នុងសេចក្តីព្រាងស្តីពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់លេខាធិការដ្ឋាននៃក្រុមការងារត្រី-វិស័យកសិកម្ម-ទឹក-ជនបទ និងបានសម្រេចប្តូរពាក្យកាត់ជាភាសាអង់គ្លេស។
– អង្គប្រជុំបានសម្រេច និងឯកភាពជ្រើសរើសយកទីតាំងគោលដៅចំនួន៥ សម្រាប់អនុវត្តសាកល្បងសកម្មភាពអន្តរាគមន៍ត្រី-វិស័យរួមគ្នា ប៉ុន្តែក្នុងនោះអង្គប្រជុំបានស្នើសុំទីតាំងគោលដៅ ១បន្ថែមទៀតគឺភូមិគោកស្រុក ដើម្បីពិនិត្យ និងសិក្សាដូចខាងក្រោម៖
១. សហគមន៍កសិកម្មទំនើប ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ
២. សហគមន៍កសិកម្មទំនើបស្រូវទំនើបនាងអំ ស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
៣.សហគមន៍កសិកម្មទំនើបសំបូរមានជ័យ ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៤. ភូមិកង្ហត ខេត្តបាត់ដំបង
៥. ភូមិព្រែកពោធិ៍ ខេត្តកំពង់ចាម
៦. ភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ជាលទ្ធផល អង្គប្រជុំបានសម្រេច និងឯកភាពចុះពិនិត្យ និងសិក្សាទីតាំងគោលដៅទាំង៦ រួមគ្នាដោយមានការចូលរួមពីក្រសួងទាំង៣។