ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, ឯកឧត្តម ពុធ ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ, លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក លោកស្រីអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ មន្ដ្រីរាជការ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ សរុបចំនួន ២៨នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានជូន ថ្នាក់ដឹកនាំ និងអង្គប្រជុំទាំងមូលចូលរួមផ្ដល់មតិយោបល់ និងធាតុចូល ដើម្បីឱ្យនាយកដ្ឋានសម្រេចលទ្ធផលកាន់តែល្អប្រសើរ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំងអស់ ឱ្យបន្ដខិតខំអនុវត្តការងារសំខាន់ៗដូចខាងក្រោម៖
– កំណត់វិធីសាស្ដ្រនៃការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងដែលទទួលបានពី បរទេសជូនដល់មន្ដ្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានប្រសិទ្ធភាព
– សិក្សាវាយតម្លៃលើប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលជំនាញមូលដ្ឋានជូនប្រជាពលរដ្ឋ នៅជនបទឆ្នាំ ២០២៣
– សិក្សាពីតម្រូវការនៃការបណ្ដុះបណ្ដាលជូនមន្រ្តីរាជការឆ្នាំ ២០២៥-២០២៧
– បន្ដធ្វើបច្ចុប្បន្នភាពកម្មវិធីបណ្ដុះបណ្ដាល និងរៀបចំសៀវភៅសិក្សាគោលតាមជំនាញនីមួយៗ សម្រាប់ផ្តល់ជូនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តគោលដៅ ដើម្បីអនុវត្តជាស្តង់ដាររួម។
គួរបញ្ជាក់ថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានបានរៀបចំរួចរាល់នូវកម្មវិធីសិក្សា និងមេរៀនគោលចំនួន ៥ មុខវិជ្ជា។