ឯកឧត្តម សាន វិសាល ដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបជាប្រចាំលើផ្លូវចំនួន ២គម្រោង

ចែលរំលែក

ខេត្តសៀមរាប-ឧត្តរមានជ័យ៖ នៅថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបជាប្រចាំលើផ្លូវចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រួមមាន៖

–  គម្រោងទី១៖ ការងារថែទាំជាប្រចាំផ្លូវចំនួន ៨ខ្សែ ដោយក្រាលល្បាយក្រួស មានប្រវែងសរុប ១១២គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅឃុំតាយ៉ែក ឃុំស្លែងស្ពាន ឃុំជ្រោយនាងនួន ឃុំក្លាំងហាយ ឃុំស្វាយលើ ឃុំសែនសុខ ឃុំគោកធ្លកក្រោម ឃុំពង្រលើ ឃុំកំពង់ថ្កូវ និងឃុំតាអាន ស្រុកសូទ្រនិគម ស្រុកស្រីស្នំ ស្រុកស្វាយលើ ស្រុកក្រឡាញ់ និងស្រុកជីក្រែង ខេត្តសៀមរាប។ គម្រោងនេះ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។

–  គម្រោងទី២៖ ការងារថែទាំជាប្រចាំផ្លូវចំនួន ៩ខ្សែ ដោយក្រាលល្បាយក្រួស មានប្រវែងសរុប ១០០, ១០គីឡូម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ៥ម៉ែត្រ និង៦ម៉ែត្រ ស្ថិតនៅឃុំពង្រ ឃុំក្រសាំង ឃុំអំពិល ឃុំគោកមន ឃុំជើងទៀន សង្កាត់កូនក្រៀល និងឃុំបេង ស្រុកចុងកាល់ ស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គម្រោងនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

 

នាឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាលដីល្បាយក្រួសខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរភូមិ ឃុំ និងលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍តំបន់ជនបទឱ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ។

 

បន្ទាប់ពីបានពិនិត្យគុណភាពផ្លូវ តាមបទដ្ឋានបច្ចេកទេសរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកនូវការបញ្ចប់រយៈពេលធានាសុពលភាព គម្រោងខាងលើជាស្ថាពរ៕

00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ