ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក
- ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
សូមរំលឹកជូនផងដែរថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដែលជាសមាជិកទី១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងរយៈពេល ២០ឆ្នាំនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងច្រើនពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល រួមមាន៖ ច្រកចូលទីផ្សាសកល, ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់, ការធ្វើពិពិធកម្មការនាំចេញ, ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព, ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល, ប្រព្រឹត្តិកម្មពិសេស និងដោយឡែក, ការកាត់បន្ថយភាពក្រីក្រ, ជាពិសេស បានធ្វើឱ្យកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍតិចតួច។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា មានដូចជា ប្រទេសចិន, សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង៕