ឯកឧត្តម ប៉ា វង្សសុក្រិត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មនី្ទរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី
- ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តមណ្ឌលគីរី៖ នាថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មនី្ទរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី សរុបចំនួន ១៦នាក់ ស្រី ០៧នាក់។
យោងតាមរបាយការណ៍លទ្ធផលការងាររយៈពេល ០៩ខែ ឆ្នាំ២០២៤ ដោយ លោក យន់ សារោម ប្រធានមន្ទីរ បានបង្ហាញថា ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ បានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ជារួមលទ្ធផលដែលមន្ទីរសម្រេចបានគឺ ៦៩,៣% ធៀបនឹងផែនការប្រចាំឆ្នាំ ក្នុងនោះ កម្មវិធីទី១. ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ សម្រេចបាន ៧០% កម្មវិធីទី២. ការផ្តល់ សេវាសុខភាព និងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈ សម្រេចបាន ៣៨,៣% កម្មវិធីទី៣. ការលើកកម្ពស់កម្រិតជីវភាពរស់នៅសម្រេចបាន ១០០% និងកម្មវិធីទី៤. ការពង្រឹងសមត្ថភាពនិង សេវាគាំទ្ររដ្ឋបាល សម្រេចបាន ៦៩%
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ា វង្សសុក្រិត្យ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់នាំ និងមន្រ្តីរាជការទាំងអស់ ព្រមទាំងបានផ្ដាំផ្ញើដល់មន្ដ្រីរាជការគ្រប់រូបឱ្យចេះសាមគ្គីគ្នា និងត្រូវខិតខំបំពេញការងារឱ្យបានល្អ ទោះបីមានគ្នាតិចតែនៅតែអាចសម្រេចការងារបានច្រើនល្អប្រសើរ៕