ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) នៅខេត្តត្បូងឃ្មុំ
- ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ម៉ោង ៨:០៥ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផេង សំបូរ ប្រធាននាយកដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្ត គម្រោង RCIP ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក (WB) នៅខេត្តត្បូងឃ្មុំ ចំនួន ៤ខ្សែ មានប្រវែងសរុប ៥៩.៦ គ.ម សម្រេចបានលទ្ធផលជារួមប្រមាណ ២០,៩៧% មានដូចខាងក្រោម៖
– ខ្សែទី១ TBK 21 (ផ្លូវជាតិលេខ៧ – បង្គៅ – ចំបក់) ប្រវែង ១២,៧ គ.ម ស្ថិតនៅក្នុងឃុំទ្រៀក ស្រុកមេមត់ ជាលទ្ធផលសម្រេចបានប្រមាណ ៣,៥ %
– ខ្សែទី២ TBK 18 (ព្រះពន្លា – ចំបក់) ប្រវែង ១២,៣ គ.ម ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក និងឃុំនាងទើត ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៣១ %
– ខ្សែទី៣ TBK 27 (ប្រសែលើ – ចុងអូរ – រកាពប្រាំ) ប្រវែង ២៣,៤ គ.ម ស្ថិតនៅឃុំគរ និងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ជាលទ្ធផលសម្រេចបានប្រមាណ ៧,៦២ %
– ខ្សែទី៤ TBK 13 (រកាពប្រាំ – ក្បាលបឹងសេះ – គោកស្រុក) ប្រវែង ១១,២ គ.ម ស្ថិតនៅឃុំគរ ស្រុកត្បូងឃ្មុំ និងឃុំគោកស្រុក ស្រុកតំបែរ ជាលទ្ធផលសម្រេចបានប្រមាណ ៣៦,៤៧ %។
បន្ទាប់ពីការចុះពិនិត្យវឌ្ឍនភាពរបស់គម្រោង RCIP ឯកឧត្តមបណ្ឌិត បានបន្ត ចុះពិនិត្យស្ថានភាពនៃការខូចខាតជាក់ស្តែងលើកំណាត់ខ្សែផ្លូវបេតុងមួយខ្សែ TB4 (បារាយណ៍-ស្ទឹងគគីរ-ភូមិទី៥) ប្រវែង ៩.៩៧ គ.ម របស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធជនបទធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) ហិរញ្ញប្បទានដោយ EDCF ស្ថិតក្នុងឃុំរការខ្នុរ និងឃុំឈូក ស្រុកក្រូចឆ្មារ ដែលរងការខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់ទន្លេមេគង្គ៕