ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់ការងារ១០០% លើការងារស្ថាបនា និងការងារជួសជុលផ្លូវ ចំនួន ២ គម្រោង ស្ថិតនៅខេត្តសៀមរាប
- ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់ការងារ១០០% លើការងារស្ថាបនា និងការងារជួសជុលផ្លូវ ចំនួន ២ គម្រោង ស្ថិតនៅខេត្តសៀមរាប៖
១/.គម្រោងទី១ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស ១ខ្សែ ប្រវែង ៧ ៥០០ម ទទឹង ៧ ម កម្រាស់ ០,២ ម សាងសង់លូមូលគ្រប់ប្រភេទចំនួន ៦កន្លែង ស្ថិតនៅភូមិដៃអាវ ភូមិអណ្តូងចាន់ ទៅភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន និងការងារសាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង ស្ថិតនៅភូមិត្រពាំងក្រសាំង ទៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
២/.គម្រោងទី២ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ២ជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ០០០ ម ទទឹង ៧ ម លូមូលគ្រប់ប្រភេទចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិឫស្សីសាញ់ ឃុំជ្រោយនាងងួន ទៅភូមិស្លែងតាវេត និងភូមិស្លែងគង់ ឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប។
ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ រួមជា ឯកឧត្តមបណ្ឌិត លឹម អ៊ីវ លោកជំទាវ ឯក គន្ធវារី និងក្រុមការងារ រួមជាមួយ អាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៥០នាក់ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ជូនចំពោះបងប្អូនដែលចូលរួមសំណេះសំណាល និងរស់នៅតាមដងផ្លូវនេះផងដែរ។
ឯកឧត្តម បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់តាមបណ្តោយដងផ្លូវនេះទាំងអស់ សុំចូលរួមថែរក្សាសមិទ្ធផលនេះ ដើម្បីឱ្យប្រើប្រាស់បានគង់វង្សយូអង្វែង ។ ក្នុងពិធីសំណេះសំណាលនេះដែរ ខ្ញុំបាទបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥០នាក់ ដោយក្នុង ១នាក់ ទទួលបានក្រមា ចំនួន ១ និងឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុធី បានផ្តល់ថវិកាជូន ១០ ០០០ រៀល/នាក់ផងដែរ។
បន្ទាប់មកក្រោយពីការចុះពិនិត្យគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយកទាំង ២គម្រោង។ គណៈកម្មការអន្តរក្រសួងបានសំណូមពរដល់អ្នកទទួលការឱ្យបន្តអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបាននូវគុណភាព និងភាពរឹងមាំនៃផ្លូវ សម្រាប់ប្រើប្រាស់បានយូរអង្វែង។