ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
- ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១:១៨ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
វិមានរដ្ឋធម្មនុញ្ញ មានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ គឺជាសំណង់និមិត្តរូប នៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿងក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះផ្សារភ្ជាប់ដោយខ្លឹមសារ នៃរដ្ឋធម្មនុញ្ញក្នុងសណ្ឋានជារូបភាពសំយោគរវាង ស្ថាបត្យកម្មក្រិចរ៉ូម៉ាំង សម្ដែងនូវនិមិត្តរូបនៃគុណតម្លៃទំនើប និង ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា៕