ឯកឧត្តមបណ្ឌិត លី ណារុន ចុះពិនិត្យមើលស្ពានឈើ១កន្លែងដែលរងគ្រោះដោយ ទឹកជំនន់ ស្ថិតនៅភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ធំ៖នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក តាន់ វាសនា ប្រធានស្ដីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ឃុំបានចុះពិនិត្យស្ពានឈើមួយកន្លែងដែលរងគ្រោះដោយទឹកជំនន់ ព្រមទាំងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ជាមួយគ្នានេះ ឯកឧត្តមបានសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ នៅតំបន់នោះ ដោយបានលើកឡើងថារដូវវស្សាបានឈានចូលមកដល់ហើយ ទឹកជំនន់ក៏ជន់កាន់តែលឿន ធ្វើឱ្យលិចភូមិឋានដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់ នៅតាមដងស្ទឹងទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់បំផុត។សម្រាប់ស្ពានឈើមួយដែល ទឹកជំនន់កំពុងជន់លិចនេះ ធ្វើឱ្យបងប្អូនលំបាកក្នុងការធ្វើដំណើរ ពិសេសនៅរដូវបុណ្យ ភ្ជុំបិណ្ឌខាងមុខនេះ ព្រោះស្ពានឈើនេះចាំបាច់ណាស់សម្រាប់ប្រជាជន ក្នុងសហគមន៍ធ្វើដំណើរដឹកកសិផលផ្សេងៗ ដើម្បីសំដៅទៅទីផ្សារ។ សម្រាប់ពេលនេះមានតែទូកស្មាច់មួយសម្រាប់ចម្លងទាំងម៉ូតូទាំងមនុស្ស ធ្វើឱ្យការធ្វើដំណើរមានការយឺតយ៉ាវហើយពុំសូវមានសុវត្ថិភាពនិងមានហានិភ័យផងដែរ។
ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរភូមិ/ឃុំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពេលធ្វើដំណើរឆ្លងកាត់ស្ពានឈើនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះទឹកជំនន់កំពុងតែ ហក់ឡើងជាបណ្ដើរៗ អាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវតែរកទូកដែលមានសុវត្ថិភាព សម្រាប់ចម្លងម៉ូតូ និងមនុស្សប្រកបដោយសុវត្ថិភាពទាំងទៅទាំងមក។
សូមបញ្ជាក់ផងដែរថា៖ ស្ពានត្រពាំងព្រីង មានប្រវែង ១៣០ម៉ែត្រសាងសង់ក្នុងឆ្នាំ២០១២ បច្ចុប្បន្នមានស្ថានភាពស្ពានឈើសព្វថ្ងៃមានការទ្រុឌទ្រោម និងមានការលំបាក។ ប្រជាពលរដ្ឋដែលឆ្លងកាត់ស្ពានឈើនេះមានចំនួន៥ភូមិរួមមាន ភូមិត្រពាំងព្រីង ភូមិវាលចាស់ ភូមិស្រែវាល ភូមិព្រិច និងភូមិគន្ទោកផងដែរ។