ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ

ចែលរំលែក

ខេត្តតាកែវ ៖ នាថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លាង សេង អនុរដ្ឋលេខាធិការ និងលោក ម៉ម កាយ អភិបាលរង នៃគណៈអភិបាលខេត្តាកែវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានក្នុងត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សរុបចំនួន ៥៥នាក់។

 

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លីវ សំណាង ប្រធានមន្ទីរ និងមតិស្វាគមន៍របស់លោក ម៉ម កាយ អភិបាលរង នៃគណៈអភិបាលខេត្តយាកែវ រួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នាពេលកន្លងមក។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ជនបទ ដោយធ្វើយ៉ាងណាខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយយុទ្ធសាស្រ្តអាទិភាពចំនួន ៤ ជាអាទិ៍ (ទី១) អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ (ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (ទី៣) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តសហការ និងខិតខំជំរុញធ្វើយ៉ាងណាឱ្យខេត្តតាកែវ អាចបញ្ចប់ និងប្រកាសជាផ្លូវការការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅសប្តាហ៍ទី១ នៃខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ