ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងចំនួន ៤ខ្សែ នៅស្រុកភ្នំស្រួច ស្រុកឱរ៉ាល់ និងស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ

ចែលរំលែក

ខេត្តកំពង់ស្ពឺ ៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ដែលមានទីតាំងក្នុងស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់ ដោយខ្សែទី១ មានប្រវែង ៣,៣៩ គីឡូម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ មានចិញ្ចើមសងខាង ១ម៉ែត្រ ដោយុស្ថាបនាជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មានប្រវែង ៣,៣២គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៧០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិក្បាលថ្នល់ ទៅដល់ភូមិបន្ទាប់ ឃុំមហាសាំង ស្រុកភ្នំស្រួច ។ នៅលើកំណាត់ផ្លូវនេះមានសំណង់លូមូលចំនួន ៣កន្លែង និងលូប្រអប់ចំនួន ១កន្លែង ។ ខ្សែទី២ មានប្រវែង ៧,៧៧គីឡូម៉ែត្រ ទទឹងប្រវែង ៥ មានចិញ្ចើមផ្លូវសងខាប្រវែង ១ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានលូមូលចំនួន ៥កន្លែង លូប្រអប់ចំនួន ១កន្លែង តភ្ជាប់ពីភូមិព្រំរលក ឃុំតាំងស្យា ទៅដល់ភូមិព្រៃរមៀត ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ។ ខ្សែទី៣ មានប្រវែង ៩,៧០គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានទទឹងប្រវែង ៦ម៉ែត្រ មានសំណង់លូមូលចំនួន ៩កន្លែង លូប្រអប់ ១កន្លែងតភ្ជាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ។ ខ្សែទី៤ ប្រវែង ៧,៦៥គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានលូមូលចំនួន ១៣កន្លែង និងលូប្រអប់ចំនួន ១កន្លែងតភ្ជាប់ពីផ្លូវជាតិលេខ ១៤៤០ ត្រង់ចំណុចភូមិចំការដូង ឃុំចាន់សែន ទៅដល់ភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនៃការចុះត្រួតពិនិត្យស្ថានភាពខ្សែផ្លូវនីមួយៗនាពេលនេះ ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដោយឯកឧត្តមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមបានជម្រាបជូនពីសារសំខាន់នៃការតភ្ជាប់បណ្ដាញផ្លូវជនបទ ប្រៀបដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញ កសិផល និងផលិតផលផ្សេងៗ ជាពិសេសការទៅទទួលយកសេវាសាធារណៈចាំបាច់នានាផងដែរ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបាន ផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យចូលរួមជួយថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលដើម្បីទុកប្រើប្រាស់បានយូអង្វែង ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ