ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ ៖ នាថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ រួមជាមួយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ឯកឧត្តម សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ជាគណៈអធិបតី លោក លោកស្រី ជាប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា និងតំណាងអង្គការដៃគូ (World Vision, Action For Development , RTI, ទឹកភ្លៀងកម្ពុជា, ទឹកស្អាត ១០០១ , ពន្លឺអភិវឌ្ឍន៍នៃក្តីសង្ឃឹម) សរុបចំនួន ២៧ រូប ស្រីចំនួន ០៨រូប។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បទបង្ហាញរបស់អង្គការដៃគូ និងការចូលរួមមតិរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរមួយចំនួនរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានចូលរួមមតិចំពោះអង្គប្រជុំនូវចំណុចមួយចំនួនដូចខាងក្រោម៖

 

១.  ការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងអង្គការដៃគូដែលបានអញ្ជើញចូលរួម

២. បានឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

៣. ត្រូវស្វែងយល់ឲ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមអនុវត្តឲ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

៤. ខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ ផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ ផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ លក្ខណវិនិច្ឆ័យ នីតិវិធីនៃការជ្រើសរើសភូមិគំរូ និងដំណើរការនៃការធ្វើបរិវត្តន៍កម្មឌីជីថលក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៥. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

៦. បន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

៧. បន្តចុះពិនិត្យការអនុវត្តគម្រោងដៃគូ ឱ្យបានជាប់ជាប្រចាំនិងជួយណែនាំអ្នកម៉ៅការលើការងាររៀបចំសុវត្ថិភាពចរាចរណ៍ និងការត្រួតពិនិត្យគុណភាពសំណង់

៨. ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក

៩. បង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ បន្តកសាង និងអភិវឌ្ឍសមត្ថភាពបន្ថែមទៀត

១០. សូមចូលរួមថែរក្សាសម្ភារៈបរិក្ខារដែលជាព្រទ្យសម្បត្តិរដ្ឋ និងបរិស្ថានជុំវិញមន្ទីរ ឲ្យបានល្អ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ