លោកជំទាវ គង់ សុធីរី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារអភិវឌ្ឍន៍ជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ
- ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការសកម្មភាពការងារអភិវឌ្ឍន៍ជនបទ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ២០នាក់ (ស្រី២នាក់)។
ជាកិច្ចចាប់ផ្តើម លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលមន្ទីរសម្រេចបានប្រចាំឆមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ជូនលោកជំទាវអធិបតី និងអង្គប្រជុំបានជ្រាប។ ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរ បានផ្សព្វផ្សាយអំពីមេរៀនសំខាន់ៗ ដែលបានមកពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ (វគ្គ៣) នៅទីស្តីការក្រសួង ចែកជូនដល់មន្ត្រីរាជការរបស់មន្ទីរបានយល់ដឹងបន្ថែមទៀត និងបានលើកឡើងអំពីសំណូមពរ ដែលជាតម្រូវការជាក់ស្តែងរបស់មន្ទីរ ជូនលោកជំទាវរដ្ឋលេខាធិការ បានជ្រាបផងដែរ។
ជាកិច្ចបន្ទាប់អនុរដ្ឋលេខាធិការ បានមានមតិចូលរួម និងកែតម្រូវលើខ្លឹមសារ និងអក្ខរាវិរុទ្ធ មួយចំនួនដែលមានការខ្វះចន្លោះឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
ក្រោយពីបានស្តាប់របាយការណ៍ និងមតិចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ រួចមក លោកជំទាវ រដ្ឋលេខាធិការ ក្នុងនាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើនឹករលឹក សាកសួរសុខទុក្ខជូនដល់មន្ត្រីរាជការគ្រប់រូប។
លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្ធិផលដែលមន្ទីរសម្រេចបាន ក្នុងត្រីមាសទី៣ និងបានធ្វើការឯកភាពទៅលើរបាយការណ៍ខាងលើ របស់លោកប្រធានមន្ទីរ និងស្នើឱ្យបន្តអនុវត្តការងាររបស់មន្ទីរ ឱ្យបានកាន់តែល្អប្រសើរបែបនេះបន្តទៀត ក្នុងនោះត្រូវមានសាមគ្គីភាពផ្ទៃក្នុង មានមនសិកា និងឆន្ទៈក្នុងការបំពេញការងារ បើកចិត្តទទួលយកមេរៀន និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍន៍ខ្លួនឯងផង និងអង្គភាពផង។ ក្រៅពីការបំពេញការងារស្នូល មន្ត្រីគ្រប់រូបត្រូវបន្តចូលរួម ថែរក្សាបរិស្ថានជុំវិញមន្ទីរឱ្យបានល្អ បន្ទប់ទឹកមានអនាម័យ និងរៀបចំបន្ទប់ធ្វើការឱ្យបានសមរម្យជាប្រចាំ។
លោកជំទាវរដ្ឋលេខាធិការ បានបន្តចែករំលែកបទពិសោធន៍ ដែលលោកជំទាវ ទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេសថ្មីៗនេះ និងស្នើឱ្យលោកប្រធានមន្ទីរ ធ្វើការប្រជុំផ្សព្វផ្សាយខ្លឹមសារ មេរៀន និងអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់មន្ត្រីក្រោមឱវាទ ឱ្យបានជ្រួតជ្រាប និងយល់ដឹងគ្រប់គ្នាតាមពេលវេលាជាក់ស្តែង ដោយលោកជំទាវនឹងឆ្លៀតពេលណាមួយចូលរួមផងដែរ៕