ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ
- ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ៦:៣៩ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចត្រួតពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តន៍គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ , ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត។ ជាកិច្ចចាប់ផ្តើម ដោយបានការអនុញ្ញាតពីឯកឧត្ដមរដ្ឋមន្ត្រី ឯកឧត្ដម ភួង សោភា រដ្ឋលេខាធិការទទួលបន្ទុកគម្រោងសាច់ប្រាក់ពលកម្មបានរាយការណ៍សង្ខេបស្តីអំពីសវតា និងដំណើរការនៃគម្រោង ដោយគម្រោងបានចាប់ផ្ដើមអនុវត្តចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២៣ ក្នុងខេត្តគោលដៅចំនួន ១៨ រួមមានៈ ខេត្តកណ្ដាល កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម កំពង់ស្ពឺ កំពត ក្រចេះ តាកែវ ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង ស្ទឹងត្រែង និងខេត្តឧត្ដរមានជ័យ ដែលសម្រេចបានផ្លូវដីស និងផ្លូវក្រាលល្បាយគ្រួសប្រវែងប្រមាណ ជាង ៥០០០ គីឡូម៉ែត្រ និងបានបង្កើនការងាររយៈពេលពេលខ្លីជូនប្រជាពលរដ្ឋក្រីក្រចំនួន ១,៣៧១,៣៥៥នាក់ ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការកោតសសើចំពោញកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តគម្រោងទាំងអស់ដែលបំេពញតួនាទីភារកិច្ចសកម្ម ។ តាមរយៈគម្រោងនេះអាចជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋផង និងសម្រួលដល់ការប្រកបរបររបស់ប្រជាជនរស់នៅតំបន់ជនបទផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍ឱ្យថ្នាក់ដឹកនាំទទួលបន្ទុករៀបចំធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ៦ឆ្នាំកន្លងមក និងបានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដាក់បញ្ចូលខ្សែផ្លូវដែលស្ថាបនារួចទៅក្នុងគម្រោងថែទាំប្រចាំឆ្នាំ និងគៀងគររកដៃគូដើម្បីអភិវឌ្ឍន៍ខ្សែផ្លូវទាំងនោះឲ្យកាន់តែមានភាពរឹងមាំជាមុនបន្ថែមទៀត។