នាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល
- ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំគណ: ប្រតិភូក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំពិធីចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (PWG) នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនាយកដ្ឋាន និងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការ Water Aid ព្រមទាំងតំណាងអង្គការដៃគូពាក់ព័ន្ធជាច្រើនទៀត និងលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សរុបចំនួន ៥០នាក់។
គោលបណង នៃពិធីនេះ មានដូចខាងក្រោម៖
– រួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពប្រជាពលរដ្ឋសហគមន៍ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងទទួលស្គាល់តម្លៃកិត្តិយសប្រជាពលរដ្ឋក្នុងសហគមន៍ខេត្តកណ្តាលដែលបានចូលរួមប្រតិបត្តិអនាម័យ។
– បង្កើតជាព្រឹត្តការណ៍រៀនសូត្រក្នុងការជំរុញស្ថានភាព (ODF+)ខេត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលខេត្តកណ្តាល មន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូដែលបានធ្វើឱ្យខេត្តសម្រេចបានស្ថានភាព (ODF+)។
– ផ្តល់ព័ត៌មានជាភស្តុតាងពិតប្រាកដសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការទទួលស្គាល់ជាផ្លូវការ និងចេញវិញ្ញាបនបត្របញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)ជូនរដ្ឋបាលខេត្តកណ្តាល។
សូមបញ្ជាក់ថា ៖ យោងលើទិន្នន័យរបស់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានបង្ហាញឱ្យ ឃើញថា ខ្នងផ្ទះសរុប ឆ្នាំ២០២៣ មានចំនួន ២៧០ ៣០០ខ្នងផ្ទះ រីឯខ្នងផ្ទះជាក់ស្តែង មានចំនួន ២៦៨ ០៩២ខ្នងផ្ទះ ចំពោះខ្នងផ្ទះបានប្រើប្រាស់បង្គន់កែលម្អសរុប ២៦៨ ០៩២ខ្នងផ្ទះ ស្មើ ១០០% ដែលក្នុងនោះ ៖
– ខ្នងផ្ទះប្រើបង្គន់កែលម្អផ្ទាល់ខ្លួន មានចំនួន ២៦៤ ៥៥៨ ស្មើនឹង៩៨,៧%
– ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ស្មើនឹង១,៣%
– ចំនួនក្រុង/ស្រុក (ODF+) មានចំនួន ១៣ក្រុង/ស្រុក ស្មើនឹង១០០%
– ចំនួនឃុំ/សង្កាត់ (ODF+) មានចំនួន ១២៧ឃុំ/សង្កាត់ ស្មើនឹង ១០០%
– ចំនួនភូមិ (ODF+) មានចំនួន ១ ០១០ភូមិ ស្មើនឹង១០០%៕