ឯកឧត្ដម ស្រ៊ិន ពុទ្ធី បានជួបពិភាក្សាការងារ ជាមួយលោកស្រី Eva Leneveu ប្រធានកិច្ចការសាធារណៈ នៃអង្គការទឹកស្អាត ១០០១
- ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជាទីប្រឹក្សាក្រសួង បានជួបពិភាក្សាការងារជាមួយលោកស្រី Eva Leneveu ប្រធានកិច្ចការសាធារណ: និងលោកស្រី Amandine Chaussinand នាយិកាប្រតិបត្តិ នៃអង្គការទឹកស្អាត ១០០១ (Fontaine 1001) ដែលមានសមាសភាពមកពីអង្គការទឹកស្អាត១០០១ និងនាយកដ្ឋានផ្គត់ផ្គង់ទឹកចំនួន ១០រូប ស្រី៥រូប។
កិច្ចពិភាក្សានេះផ្ដោតសំខាន់ទៅលើការងារចំនួន ៥ចំណុច ដូចខាងក្រោម៖
១.ការធ្វើបច្ចុប្បន្នភាព នៃការអនុវត្តគម្រោងរបស់អង្គការទឹកស្អាត ១០០១ រួមទាំងរបាយការណ៍ (FASEP Project) នៃគម្រោងដំឡើងស្ថានីយ ដើម្បីផ្ដល់លទ្ធភាពក្នុងការទទួលបានទឹកស្អាតនៅតាមទីជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។
២.ការធ្វើបទបង្ហាញអំពីគម្រោងសាកល្បង នៃការសាងសង់ស្ថានីយផលិតទឹកស្អាតសហគមន៍ ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប(Kiosk 2-0) ចំនួន ១០ ស្ថានីយ ដែលគ្រោងសាងសង់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។
៣.ការពង្រឹងកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំងពីរ ជាមួយម្ចាស់ជំនួយ និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន
៤.ការពង្រឹងសមត្ថភាព និងការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
៥.ការបន្តការគាំទ្រ និងការពង្រីកគម្រោងទៅតំបន់ផ្សេងទៀត ដែលមានការខ្វះខាតទឹកស្អាតជូនប្រជាជននៅតំបន់ជនបទ។
ជាកិច្ចបញ្ចប់ ឯកឧត្ដម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់អង្គការទឹកស្អាត១០០១ ដែលតែងតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍លើវិស័យផ្គត់ផ្គង់ទឹកជនបទនូវកម្ពុជា។