ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ ចំនួន៦ខ្សែ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៦២ ៥១០ម៉ែត្រ ស្ថិតនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង
- ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្វាយរៀង និងខេត្តតាកែវ ៖ នាថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាប្រចាំ ចំនួន៦ខ្សែ ដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែងសរុប ៦២ ៥១០ម៉ែត្រ ស្ថិតនៅខេត្តស្វាយរៀង និងខេត្តព្រៃវែង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ រួមមាន ៖
១.ខ្សែទី១៖ ផ្សារក្រោលគោ – ស្វាយធំ ស្ថិតនៅក្នុងជុំក្រោលគោ ឃុំឈើទាល និងឃុំស្វាយធំ ស្រុកស្វាយជ្រំ ប្រវែង ១៥ ៨០០ម៉ែត្រ
២.ខ្សែទី២៖ ព្រៃគគីរ – សំរោង ស្ថិតនៅក្នុងឃុំព្រៃគគីរ និងឃុំច្រេស ស្រុកចន្ទ្រា ប្រវែង ១៥ ២០០ម៉ែត្រ
៣.ខ្សែទី៣៖ ភូមិខ្សោកជើង – ភូមិស្វាយអន្ទរ ស្ថិតនៅក្នុងឃុំពពឹស និងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ប្រវែង ៧ ៣០០ម៉ែត្រ
៤.ខ្សែទី៤៖ សាលាឃុំក្របៅ – តាអី ស្ថិតនៅក្នុងឃុំក្របៅ ស្រុកចំចាយមារ ប្រវែង ៧ ៥០០ម៉ែត្រ
៥.ខ្សែទី៥៖ ភូមិពោធិ៍រៀង – ភូមិជ្រៃ ស្ថិតនៅក្នុងឃុំជីផុច និងឃុំជ្រៃ ស្រុកមេសាង និងស្រុកស្វាយអន្ទរ ប្រវែង ៨ ០០០ម៉ែត្រ
៦.ខ្សែទី៦៖ ភូមិក្រាំងលាវ – ភូមិកាធំ ស្ថិតនៅក្នុងឃុំចាម ស្រុកកំពង់ត្របែក ប្រវែង ៨ ៧១០ម៉ែត្រ។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី១ តាមការស្នើសុំរបស់អ្នកទទួលការ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមេត្តាកុំចាញ់បោកតាមការឃោសនា ញុះញង់ បោកបញ្ឆោតរបស់ក្រុមជនអគតិមួយក្តាប់តូច ដែលបានធ្វើការចោទប្រកាន់រាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ជឿជាក់លើ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕