ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាពផ្លូវ ចំនួន ១ខ្សែ ព្រមទាំងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង ព្រមទាំងមានការចូលរួមពីសំណាក់ លោកប្រធានអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងអាជ្ញាធរឃុំ អញ្ជើញចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូ (DBST) ចំនួន ១ខ្សែ ប្រវែង ៣,៥០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សូមជម្រាបជូនផងដែរថា ៖ ផ្លូវ១ខ្សែនេះ ស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រូវបានគណៈកម្មការអន្ដរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ ១០០% ។
ក្នុងឱកាសចុះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ផងដែរ។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្ន បាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដើម្បីកម្ពុជាអាចសម្រេចចក្ខុវិស័យ ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាក់ស្ដែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជាលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមានតួនាទីទទួលបន្ទុកថែទាំបន្ត ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំសមិទ្ធផលខាងលើនេះ ដើម្បីរក្សាគុណភាពផ្លូវ គង់វង្សយូរអង្វែងផងដែរ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស និងសូមកុំចាញ់បោកតាមការឃោសនាញុះញង់ បោកបញ្ឆោតធ្វើបាតុកម្មបង្កើតបដិវត្តពណ៌របស់ក្រុមជ្រុលនិយមអគតិមួយក្តាប់តូច និងសូមជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ៕