ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ និងគម្រោងផែនការសកម្មភាព ឆ្នាំ២០២៥ របស់ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ និងគម្រោងផែនការសកម្មភាព ឆ្នាំ២០២៥ របស់ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ លោកជំទាវអគ្គាធិការស្តីទី ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង លោក លោកស្រី ប្រធានគ្រប់នាយកដ្ឋាន ព្រមទាំងសមាជិក សមាជិកានៃក្រុមការងារបរិវត្តកម្មឌីជីថល និងលោក លោកស្រីប្រធានគ្រប់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ទាំង២៥ តាមរយៈប្រព័ន្ធនិម្មិត (Zoom) ។
គោលបំណងនៃកិច្ចប្រជុំ គឺផ្តោតសំខាន់ទៅលើ (១)លទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ (២)ទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ និងទី (៣) ផែនការថវិកាព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក៏មានការធ្វើបទបង្ហាញអំពីផែនការសកម្មភាពឆ្នាំ២០២៥ កម្មវិធីថែទាំនិងគ្រប់គ្រងផ្លូវជនបទ (Rural Road Care) និងកម្មវិធីបណ្ណាល័យអេឡិចត្រូនិក (E-Library) ដោយក្រុមការងារបរិវត្តកម្មឌីជីថលផងដែរ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្ដល់នូវអនុសាសន៍ចំនួន ៣ចំណុច ដើម្បីជាយន្តការក្នុងការជម្រុញការអនុវត្តភារកិច្ចបន្ត ក្នុងនោះ (ទី១)ស្នើសុំឱ្យក្រុមការងារបរិវត្តកម្មឌីជីថលពន្លឿនបញ្ចប់ការកែសម្រួលខ្លឹមសារផែនការថវិកាព័ត៌មានសមិទ្ធកម្មឆ្នាំ២០២៥ (ទី២) ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលឆ្នាំ២០២៥-២០២៧ ដោយផែនការទាំងពីរនេះ ត្រូវបញ្ចប់ឱ្យបានមុនឬត្រឹមដើមត្រីមាសទី៤ ឆ្នាំ២០២៤ និង (ទី៣) បន្តអនុវត្តការងារដែលនៅសេសសល់សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ជាមួយនឹងថវិកាដែលនៅសេសសល់ អនុលោមទៅតាមផែនការឆ្នាំ ឱ្យបានចប់សព្វនិងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ៕