ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០១ខ្សែ
- ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិយ ចាន់ ដារ៉ុង រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ រួមមានក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដើម្បីប្រារព្វពិធីបើកការដ្ឋានការងារស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ២ ៦៦០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ១ម៉ែត្រ សាងសង់លូប្រអប់ចំនួន ០១កន្លែង និងលូមូលចំនួន ០៤កន្លែង ស្ថិតនៅភូមិឈើទាល ទៅភូមិបឹងវែង ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សមាសភាពអញ្ជើញចូលរួមមាន៖ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៥៨នាក់។
ចំពោះការស្ថាបនាផ្លូវខាងលើ គ្រោងនឹងបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។