ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំក្រុមអ្នកបច្ចេកទេសពិនិត្យស្ថានភាពផ្លូវនៅស្រុកសំរោង និងស្រុកត្រាំកក់
- ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ម៉ោង ៦:៤៩ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តតាកែវ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ជាប្រភេទផ្លូវក្រាលល្បាយក្រួសចំនួន ១ខ្សែប្រវែង ៩ ១០០ម៉ែត្រ ទទឹង ៥ម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៣ ត្រង់ចំណុចភូមិត្រពាំងគៀត ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ទៅភ្ជាប់នឹងផ្លូវជាតិលេខ ២ ត្រង់ចំណុចភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
សូមជម្រាបជូនផងដែរថា គម្រោងមួយខ្សែនេះដែលមានប្រវែងជាង៩គីឡូម៉ែត្រ បានត្រូវដាក់ក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន ដែលអនុវត្តដោយក្រសួងចំនួន ៣ រួមគ្នាគឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងធនធានទឹកនិងឧតុនិយម ដែលបាននិងកំពុងធ្វើការកែលម្អផ្លូវជនបទនៅក្នុងសហគមន៍កសិកម្មចំនួន ៤១កន្លែង ហើយដែលក្រសួងអភិវឌ្ឍន៍ជនបទមានភារកិច្ចស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង ហើយនឹងត្រូវចាប់ផ្តេីមស្ថាបនានាចុងឆ្នាំ ២០២៤នេះ៕