ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យរួមគ្នា លើកទី៣ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ
- ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ (CRRIDP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិតសម្រាប់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ (Virtual Meeting with Zoom) ដើម្បីពិនិត្យរួមគ្នា លើកទី៣ នូវវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំមានសមាសភាពអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារការិយាល័យធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) ប្រចាំនៅរាជធានីភ្នំពេញ ដែលតំណាងដោយ លោកស្រី Minnie Chey ក្រុមទីប្រឹក្សាបច្ចេកទេស KCIeng ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសគម្រោង នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំង៦ ព្រមទាំងក្រុមហ៊ុនទទួលការសាងសង់ផ្លូវសរុបចំនួន ៣១រូប។
សូមជម្រាបជូនផងដែរថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ បាននិងកំពុងដំណើរការស្ថាបនាផ្លូវកម្រាលបេតុង សរុបប្រវែង ១៤៩,៦០គីឡូម៉ែត្រ ស្ពានចំនួន ១ និងលូប្រអប់ចំនួន ២៨ នៅក្នុងខេត្តគោលដៅចំនួន៦ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕