ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក (World Vision) ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក (World Vision) ដឹកនាំដោយលោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ។ ជំនួបនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីជំនាញនៃនាយកដ្ឋានទាំងពីរ។

 

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានស្នើសុំឱ្យអង្គការទស្សនៈពិភពលោក បន្តជួយគាំទ្រក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ បន្ថែមទៀត ដើម្បីឈានទៅសម្រេចបានអត្រាគ្របដណ្តប់ ការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រេចបាន ១០០% នៅឆ្នាំ២០៣០។

 

ជាការឆ្លើយតប លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក បានអបអរសាទរចំពោះលទ្ធផលសម្រេចបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបានប្តេជ្ញាបន្តការគាំទ្រ និងចូលរួមបន្តទៀតលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ