លោក សំ រដ្ឋា ដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤

ចែលរំលែក

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ  រួមជាមួយលោក ចេង ចរិយា អនុប្រធាននាយកដ្ឋាន  និងមន្ត្រីការិយាល័យតាមដាន និងវាយតម្លៃនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ដឹកនាំកិច្ចប្រជុំស្ដីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃថវិកាសូចនាករសមិទ្ធកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ដោយមានការអញ្ជើញចូលចូលរួមពី លោកប្រធានមន្ទីរ  លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចំនួន  ១៩រូប ស្រី២រូប។

 

គោលបំណងសំខាន់នៃកិច្ចប្រជុំរួមមាន

-ដើម្បីផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តធៀបនឹងគោលដៅសូចនាករដែលបានកំណត់ប្រចាំឆ្នាំ

-ចែករំលែកចំណេះដឹង និងផ្ដល់យោបល់កែលម្អរលើការរៀបចំ និងអនុវត្តផែនការ

-ផ្ដល់របាយការណ៍សមិទ្ធកម្ម និងរបាយការណ៍វឌ្ឍនភាព ឲ្យទាន់ពេលវេលា និងមានសង្គតិភាព

-ណែនាំពីយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ

 

ជាកិច្ចចាប់ផ្ដើម លោក ទូច ម៉ាឡា ប្រធានមន្ទីរ បានមានមតិស្វាគមន៍  ធ្វើសេចក្ដីរាយការណ៍ពីការអនុវត្តសូចនាករសមិទ្ធកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍នេះ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យការិយាល័យជំនាញទាំង១០ ធ្វើសេចក្ដីរាយការណ៍សង្ខេបពីការអនុវត្តការងាររបស់ខ្លួន និងលើកពីបញ្ហាប្រឈមដែលជួបប្រទះកន្លងមក ក្រោយបញ្ចប់សេចក្ដីរាយការណ៍ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានធ្វើការណែនាំបន្ថែមនូវចំណុចដែលខ្វះខាត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារបានល្អប្រសើរទៅតាមផែនការសមិទ្ធកម្មដែលមន្ទីរបានរៀបចំឡើងផ្ញើមកនាយកដ្ឋាន។

 

ជាចុងបញ្ចប់លោកអគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ បានណែនាំឱ្យមន្ត្រីមន្ទីរទាំងអស់ខិតខំបំពេញភារកិច្ចឱ្យបានល្អប្រសើរ និងអនុវត្តសម្រេចឱ្យបាន ១០០% តាមផែនការដែលបានគ្រោងទុក និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់មន្ទីរឱ្យបានគត់មត់។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ