ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង

ចែលរំលែក
photo 2024 07 17 16 21 07

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ១២កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្ដម សឹម សុខព្រី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត តូច ប៉ូលីវា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងនាយកដ្ឋានសុខភាពជនបទ លោកប្រធាន  អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អភិបាលរង នៃគណៈអភិបាលស្រុក មេឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១៣១នាក់ ស្រី ៦៦នាក់ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

 

ក្រោយពីបានស្ដាប់របាយការណ៍របស់លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមតិចំណាប់អារម្មណ៍របស់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់អង្គពិធីទាំងមូល។

 

យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ ការងារផ្ដល់សំភារៈបង្គន់មានចំនួន ២០០បង្គន់ ដែលក្នុងនោះនៅស្រុករមាសហែកចំនួន ៧៥បង្គន់ និង ១២៥បង្គន់ទៀត គ្រោងដាក់ក្នុងដីសម្បទានសង្គមកិច្ចដែលស្ថិតនៅស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍។ ការងារផ្ដល់អណ្ដូងចំនួន ៣០ ដែលក្នុងនោះស្រុករមាសហែកចំនួន ២២អណ្ដូង ស្រុកស្វាយជ្រុំចំនួន ៤អណ្ដូង ស្រុកកំពង់រោទិ៍ចំនួន ២អណ្ដូង និងស្រុករំដួលចំនួន ២អណ្ដូង។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បង្គន់អនាម័យ និងអត្ថប្រយោជន៍នៃការទទួលបានអណ្ដូងទឹក ហើយក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលទទួលបានបង្គន់អនាម័យ និងអណ្ដូងទឹកអំពីរបៀបនៃការថែរក្សាដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ រួមមាន ៖

– សូមលាងដៃនឹងសាប៊ូ ឬផេះមុននឹងបរិភោគអាហារ និងក្រោយចេញពីបង្គន់អនាម័យ

– សម្អាតបរិវេណក្នុង និងក្រៅបង្គន់អនាម័យ

– ជួសជុលជាប្រចាំករណីមានការខូចខាត

– សាងសង់អណ្ដូងទឹកឱ្យឆ្ងាយពីបង្គន់អនាម័យ

– កុំយកសត្វពាហនៈមកចងក្បែរអណ្ដូងទឹក

– ឧស្សាហ៍តាមដាន និងពិនិត្យគុណភាពទឹក។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម គុយ ឆាយ បាននាំយកនូវក្រមាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមកម្មវិធី និងនៅការដ្ឋានសរុបប្រមាណ ១៣១ក្រមា។  ក្រោយបញ្ចប់កម្មវិធី គណៈអធិបតីបានអញ្ជើញធ្វើដំណើរទៅពិនិត្យការដ្ឋានសាងសង់អណ្ដូងនៅទីតាំងចំនួន ២កន្លែង ស្ថិតនៅក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋលេខាធិការ បានចូលពិនិត្យការរៀបចំកែលំអបរិស្ថានរបស់មន្ទីរតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឃើញថាមន្ទីររៀបចំមានសណ្ដាប់ធ្នាប់ និងរៀបរយបានល្អ។ ការិយាល័យនីមួយៗក្នុងមន្ទីរ គឺរៀបចំឯកសារបានល្អ ថែមទាំងបន្ទប់ទឹកក៏មានភាពអនាម័យល្អផងដែរ៕

photo 2024 07 17 16 20 59 photo 2024 07 17 16 21 00 photo 2024 07 17 16 21 01 2 photo 2024 07 17 16 21 01 photo 2024 07 17 16 21 02 photo 2024 07 17 16 21 03 photo 2024 07 17 16 21 05 photo 2024 07 17 16 21 06 photo 2024 07 17 16 21 07 photo 2024 07 17 16 21 08 photo 2024 07 17 16 21 09 photo 2024 07 17 16 22 22 photo 2024 07 17 16 22 24 photo 2024 07 17 16 23 25 2 photo 2024 07 17 16 23 25

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ