ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន
- ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម បណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវ ស្ថិតនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិករដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៩ អភិបាល អភិបាលរងខេត្តកំពង់ស្ពឺ អភិបាលក្រុង ស្រុក សមាគមខ្មែរ ចិន ខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាជនក្នុងឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមនជាច្រើនរូបទៀត។
បន្ទាប់ពីមតិស្វាគមន៍របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសំដែងនូវការអបអរសាទរចំពោះសមិទ្ធផលដ៏ថ្មីស្រឡាង ជាអគារសិក្សាជាង ៥០បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត ដែលកំពុងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នាឱកាសនេះ ព្រមទាំងថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលជួយកសាងសាលា ជាពិសេស ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជាគ្រូបង្រៀនភាសាចិនដល់សាលានេះ បង្កលក្ខណៈឱ្យសិស្សដែលចេញពីសាលា ងាយរកការងារធ្វើ នឹងបានប្រាក់បៀវត្សខ្ពស់ ដូចជាធ្វើការជាមួយរោងចក្រសហគ្រាសដែលមានថៅកែចិន ជាដើម។
ពាក់ព័ន្ធនឹងមិត្តភាព កម្ពុជា-ចិន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការបន្តវេនរបស់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំប្រកបទៅដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីរាជរដ្ឋាភិបាល អាណត្តិមុនៗ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានបន្សល់ទុកនូវសមិទ្ធផលធំៗជាច្រើន ជាអាទិ៍មាន ៖ ផ្លូវ ស្ពាន ពហុកីឡដ្ឋានមរតកតេជោ មន្ទីរពេទ្យត្បូងឃ្មុំ ផ្លូវខ្សែក្រវ៉ាត់ក្រុងទី ៣ ដែលមានឈ្មោះជា មហាវិថី XIN JINPING ជាដើម ហើយសព្វថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តពូនជ្រំចំណងមិត្តភាព កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងថែមទៀតក្នុងការគាំទ្រគ្នាទៅវិញទៅមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលបានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិកន្លងមក ហើយបាននឹងបន្តគាំទ្រ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ បន្តទៀត ដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តទៀតថា សមិទ្ធផលដែលយើងកំពុងប្រារព្ធពិធីសម្ពោធថ្ងៃនេះ ក៏ដូចជាសមិទ្ធផលធំៗទូទាំងប្រទេសកម្ពុជា គឺកើតចេញអាស្រ័យដោយយើងមាន សុខសន្តិភាព ពេញលេញ។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ៕