ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:៤២ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងារភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។
យោងតាមការធ្វើបទបង្ហាញ និងរបាយការណ៍ របស់ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានបង្ហាញថា ក្រុមការងារអភិវឌ្ឍន៍ភូមិគំរូ បានរៀបចំលក្ខណៈវិនិច្ឆ័យភូមិគំរូ ដោយបានកំណត់លក្ខណៈវិនិច្ឆ័យចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច គោលបំណង ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រគ្រប់សកម្មភាពអភិវឌ្ឍន៍នៅក្នុងភូមិ ដើម្បីបង្កើនជីវភាព និងប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព។
សូមបញ្ជាក់ផងដែថា៖ កន្លងមកក្រសួងបានអនុវត្តគម្រោងមាភូមិគំរូបានចំនួន ៣០ភូមិរួចមកហេីយ នៅក្នុងខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ត្រូវបានអភិវឌ្ឍជាភូមិគំរូ ហើយបច្ចុប្បន្ន ក្រសួងកំពុងអភិវឌ្ឍភូមិគំរូ ចំនួន ៣៤ ភូមិ ផ្សេងទៀត នៅក្នុងខេត្តកំពង់ស្ពី បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ តាមរយៈគម្រោងអភិវឌ្ឍភូមិសន្តិភាព និងគម្រោងអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។
ឆ្លៀតក្នុងឱកាសនោះ ដើម្បីជំរុញការងារអភិវឌ្ឍន៍ភូមិគំរូឱ្យមានប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ណែនាំ ដូចខាងក្រោម៖
– ត្រូវពិនិត្យឡើវិញនូវសមិទ្ធផលដែលបានអភិវឌ្ឍបានពេលកន្លងមក នៅក្នុងភូមិគំរូទាំង ៣០ភូមិ ដោយធ្វើការវាយតម្លៃតាមទម្រង់លក្ខណៈវិនិច្ឆ័យដែលបានរៀបចំ
– ថ្នាក់ដឹកនាំទទួលបន្ទុកកម្មវិធី ត្រូវសម្របសម្រួលនាយកដ្ឋានជំនាញពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍នានាជួយគាំទ្រការអភិវឌ្ឍនេះ តាមរយៈការស្នើសុំគម្រោងកិច្ចសហប្រតិបត្តិការ
– នាយកដ្ឋានជំនាញត្រូវធ្វើកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីធ្វើការជ្រើសរើសភូមិ និងធ្វើការអភិវឌ្ឍរួម ឱ្យក្លាយជាភូមិគំរូ
– នាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវធ្វើការពិភាក្សាដើម្បីកំណត់ភូមិអភិវឌ្ឍន៍នានា ឱ្យក្លាយជាភូមិគំរូតែមួយ ជាពិសេសផ្ដោតលើភូមិដែលមានសក្ដានុពលលើវិស័យសំខាន់ៗដូចជា វប្បធម៌ ទេសចរណ៍ធម្មជាតិ សេដ្ឋកិច្ច និងកសិកម្មជាដើម៕