ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ការបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន”
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី “ការបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន” ដោយក្នុងពិធីបើកសិក្ខាសាលានោះ រួមមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ទទួលបន្ទុកនាយកដ្ឋាន, លោកអគ្គនាយករង, លោកប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំនាយកដ្ឋាន, លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ព្រមទាំងសិក្ខាកាម ដែលជាប្រធានមន្ទីរ និងថ្នាក់ដឹកនាំមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តទាំង ១១ សរុបចំនួន ៦៣ រូប (ស្រី ៧នាក់)។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសព្ទសាធុការពរពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ព្រមទាំងបានផ្ដល់អនុសាសន៍ជូនដល់អង្គសិក្ខាសាលា ដូចខាងក្រោម៖
– អង្គសិក្ខាសាលាទាំងមូល ពិនិត្យ និងពិភាក្សាឱ្យបានផុលផុសដោយផ្តោតលើបញ្ហា ការប្រឈម ដំណោះស្រាយ និងការវិភាគអំពីតួអង្គពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយ
– អង្គសិក្ខាសាលា ពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្តឆ្ពោះទៅសម្រេចលទ្ធផលសមិទ្ធកម្ម តាមផែនការប្រចាំឆ្នាំ២០២៤
– មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ១១ខេត្ត ត្រូវបន្តខិតខំបំពេញភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៤
– នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពាក់ព័ន្ធ បន្តខិតខំយកចិត្តទុកដាក់ផ្តល់ការគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទាំង ១១ ខេត្ត សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ឆ្លើយតបនឹងតម្រូវការទីផ្សារជំនាញជាក់ស្តែង៕