ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្តរៀបចំកិច្ចប្រជុំបូសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រុមការងារ (PWG)
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តកំពង់ស្ពឺ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆសក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត (ក.ក.ប.ផ.ទ.អ/PWG) បានរៀបចំកិច្ចប្រជុំបូសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់ក្រុមការងារ (ក.ក.ប.ផ.ទ.អ/PWG) ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក លោកស្រី សមាជិក សមាជិកា (ក.ក.ប.ផ.ទ.អ/PWG ) មកពីមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលរង ក្រុង ស្រុក និងជាប្រធាន DWG លោក លោកស្រី តំណាងអង្គការដៃគូ និង លោក លោកស្រី ក្រុមការងារលេខាធិការដ្ឋាននៃ PWG សរុបអ្នកចូលរួមចំនួន ៤៩រូប ស្រី ១២រូប ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យនូវវឌ្ឍនភាពការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ក្នុងរយៈពេល៦ខែដើមឆ្នាំ និងលើកទិសដៅបន្តនាឆមាសទី២ ឆ្នាំ២០២៤ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលជួបប្រទះនាពេលកន្លងមក។
បន្ទាប់ពីលោកប្រធានមន្ទីរ បានឡើងធ្វើសេចក្ដីរាយការណ៍ពីវឌ្ឍនភាពការងាររយៈពេល៦ខែដើមឆ្នាំ២០២៤រួចមក ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលរងខេត្ត ផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម៖
-សូមអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តលើការងារទឹកស្អាត និងអនាម័យបន្ថែមទៀត
-សូមមន្ទីរពាក់ព័ន្ធជួយសម្របសម្រួលលើការផ្ដល់អាជ្ញាប័ណ្ណទឹកស្អាតដល់អង្គការពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនឱ្យបានលឿន
-ស្នើសុំអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តបន្តជួយគាំទ្រខេត្តកំពង់ស្ពឺដើម្បីឱ្យក្លាយជាខេត្ត (ODF PLUS)
-ស្នើសុំអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តជួយបំពាក់ម៉ាស៊ីនចម្រោះទឹកតាមសាលារៀនក្នុងខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាលបំផុត។