មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និង លើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨  ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ និង លើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤ ។

 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ា វង្សសុក្រិត្យ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ,  ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី និងមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក យន់ សារោម ប្រធានមន្ទីរ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីសរុបចំនួន ១៨នាក់ ស្រី ០៥នាក់ ។

 

ជាកិច្ចចាប់ផ្តើម លោក យន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី បានឡើងអាន របាយការណ៍បូកសរុបលទ្ធផលសម្រេចបានក្នុងឆមាសទី១ និងលើកទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី ។

 

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរីមាន ១០ ការិយាល័យ និង មានមន្រ្តីសរុប ១៣រូប ស្រី ០៤រូប ។ រយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ មន្ទីរអនុវត្តលើ ចង្កោមសកម្មភាព ទី១.ការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជនបទ សម្រេចបាន ២០% ។ ចង្កោមសកម្មភាពទី២. ការផ្តល់ សេវាសុខភាពនិងលក្ខខណ្ឌនៃការរស់នៅសម្រាប់សាធារណៈជនសម្រេចបាន ៤% ។ ចង្កោមសកម្មភាព ទី៣. ការលើកកម្ពស់កម្រិតជីវភាពរស់នៅសម្រេចបាន ៧០% ។ ចង្កោមសកម្មភាពទី៤. ការពង្រឹងសមត្ថភាពនិង សេវាគាំទ្ររដ្ឋបាលសម្រេចបាន ៤៦% ។ ដូចនេះ ជារួមក្នុងឆមាសទី១ នេះ មន្ទីរសម្រេចបាន ៣៥% នៃ ផែនការឆ្នាំ២០២៤។ មន្ទីរបានកំណត់ទិសដៅបន្តនៅត្រីមាសទី៣ តាមផែនការដែលបានកំណត់។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, គោលដៅអភិវឌ្ឍន៍ភូមិគំរូរបស់ក្រសួងដែលត្រូវសម្រេចឲ្យ បាន ៥០ភូមិក្នុង ១ឆ្នាំ និងសូមឲ្យមន្ទីរចូលរួមក្នុងកិច្ចការនេះផងដែរ ។ ក្នុងនោះ ឯកឧត្តមអភិបាលរង បានផ្តល់អនុសាសន៍ណែនាំខ្លះៗពីរបាយការណ៍ និងបានឯកភាពលើរបាយការណ៍នេះ ។

 

ជាចុងក្រោយ ឯកឧត្តម ប៉ា វង្សសុក្រិត្យ បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តម ឆាយ ប្ញទិ្ធសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្រ្តីរាជការ ថ្នាក់ដឹកនាំមន្ទីរ ដោយជំរុញឲ្យចេះសាមគ្គីគ្នា ខិតខំបំពេញការងារឲ្យបានល្អទោះបីមានគ្នាតិចតែនៅតែអាចសម្រេចការងារបានច្រើនល្អប្រសើរ ។

 

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉ា វង់សុក្រិត្យ រួមនិងថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីមន្ទីរបាន ចុះពិនិត្យតាមបន្ទប់ការិយាល័យទាំងអស់ ព្រមទាំងបន្ទប់ទឹក សាលប្រជុំ ដើម្បីពិនិត្យមើលពីសោភ័ណ្ឌភាព បរិយាកាសកន្លែងធ្វើការ តាមអនុសាសន៍ ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ឃើញថា ស្អាតល្អ អាចទទួលយកបាន បើទោះបីនៅមានប្រឡាក់តិចតួចនៅ តាមជើងជញ្ជាំងបន្ទប់ តែខ្ញុំបានណែនាំឲ្យជូតសំអាត និងកែលម្អឡើងវិញ។ មន្រ្តីមានសេចក្តីរីករាយ ដោយបានដឹងថា ឯកឧត្តមរដ្ឋមន្រ្តី គ្រោងជូនទូរទស្សន៍ ៨៥ Inch ដល់មន្ទីរមួយគ្រឿង និងគិតគូរពីសុខភាព មន្រ្តីទាំងអស់តាមរយៈសមាគមន៍សង្គហមិត្តរបស់ក្រសួង ។

 

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង និងបានពិសារបាយសាមគ្គីជុំគ្នា។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ