លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចូលរួមពិនិត្យផ្លូវជនបទជាមួយរដ្ឋបាលខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមអមដំណើរ លោក បណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារ និ ងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមដងផ្លូវគម្រោងថែទាំខួប ផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំចំនួន ២ខ្សែ ប្រវែងសរុប ១៦ ៦០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និង ៦ម៉ែត្រ ដែលកំពុងសាងសង់ដូចខាងក្រោម ៖

 

-ខ្សែទី១៖ ផ្លូវជនបទក្រាលក្រួសក្រហម (ម្រាមខាងជើង-ចំការកោះ) ប្រវែង ៤ ៦០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ស្ថិតនៅក្នុងឃុំម្រាម និងឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

-ខ្សែទី២៖ ផ្លូវជនបទក្រាលខ្សាច់ភ្នំ (វត្តស្វាយជ្រំ-ស្វាយយា) ប្រវែង ១២ ០០០ម៉ែត្រ  ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅក្នុងឃុំស្វាយជ្រំ ឃុំគោកព្រីង ឃុំអង្គតាសូ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាលទ្ធផលផ្លូវទាំងពីរខ្សែខាងលើនេះសម្រេចបានប្រមាណ ៣០%។

 

ក្នុងពិធីនេះដែរលោក បណ្ឌិត តូច ប៉ូលីវ៉ា បានចែកក្រមាជូនប្រជាពលរដ្ឋចំនួន  ៤៥នាក់ មកពី ឃុំគោកព្រីង ឃុំអង្គតាសូ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ដោយម្នាក់ៗទទួលបានក្រមាចំនួន ០១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ។

 

នៅថ្ងៃដដែលនោះដែរ លោកអនុប្រធានការិយាល័យថែទាំសុខភាពជនបទ និងមន្ត្រីរបស់មន្ទីរ ក៏បានចូលរួមសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី “សារៈសំខាន់នៃការទម្លាប់អនាម័យល្អ” ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំក្រោលគោ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ សរុប ៤៦នាក់ ស្រី ១៨នាក់ ស្ថិតនៅសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង គាំទ្រដោយអង្គការស្អាតកម្ពុជា។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ