ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:០០ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្ដារាជធានី ខេត្ត នៃក្រសួងអភិវឌ្ឍន៍ជនបទ។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងថ្នាក់ដឹកនាំក្រសួង ដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ទាំង២៥ ដើម្បីត្រួតពិនិត្យតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងារចុះមូលដ្ឋានខេត្តទាំងអស់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យអនុវត្តតួនាទី និងភារកិច្ចស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅបន្តបេសកកម្មថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្រ្ត ឆ្ពោះទៅសម្រេចបានចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈយន្ដការដែលរាជរដ្ឋាភិបាលបានដាក់ចេញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ត្រូវបន្តចុះដល់ភូមិ និងចូលរួមរៀបចំវេទិកាសាធារណៈដើម្បីផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងទទួលយកនូវសំណូមពរ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅមូលដ្ឋានបានលើកឡើង ប្រកបដោយប្រសិទ្ធភាព៕