ឯកឧត្តម សាន វិសាល អញ្ជើញជាអធិបតី លើកិច្ចប្រជុំកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត
- ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:៥២ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ឯកឧត្តមសាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សេរីបុត្រ អភិបាលរង នៃគណ:អភិបាលខេត្តកំពត។
បន្ទាប់ពីបញ្ចប់ការអានរបាយការណ៍ដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួចមក ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អនាពេលកន្លងមក ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– ស្នើឱ្យមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវខិតខំបំពេញការងារដើម្បីឆ្លើយតបជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
-ត្រូវខិតខំបំពេញការងារទាំងអស់គ្នាដើម្បីឱ្យប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
-ស្នើឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរ ត្រូវខិតខំគោរពវិន័យ ថែរក្សាបរិស្ថានខាងក្នុង និង ក្រៅមន្ទីរឱ្យបានស្អាត មានអនាម័យល្អ និងសុំកុំឱ្យមានការស្នាក់នៅក្នុងបន្ទប់ការិយាល័យធ្វើការ។
-ស្នើឱ្យមន្ទីរខិតខំធ្វើការ សហការនិងជម្រុញ ដល់អជ្ញាធរ ភូមិ ឃុំ ស្រុក លើការងារអនាម័យក្នុង ក្រុង / ស្រុកទាំង៧ ដែលមិនទាន់ទទួលបាន ODF ដើម្បីឈានដល់ការប្រកាសទទួលបាន ODF ក្នុងខេត្តកំពតទាំងមូល។
-ស្នើឱ្យមន្ទីរយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និង ធ្វើ បច្ចុប្បន្ន គ.អ.ភ ឡើងវិញ ជាពិសេសនៅទីតាំងជ្រើសរើសភូមិគម្រូ។
– ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរត្រៀមទូងស្គរ ទះប៉ោត និង វាយ ជួង ជាការសារទរចំពោះការបើកការដ្ឋានគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ក្នុង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម រដ្ឋលេខាធិការ បានប្រគល់ជូននូវ ទូរទស្សន៍ជាស្មាតTV ទំហំ ៨៥ អ៊ីង ចំនួន១គ្រឿងជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់មន្ទីរដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ។
នារសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តចុះពិនិត្យសមិទ្ធផល និងចែកសម្ភារៈបង្គន់មួយចំនួនទៀតរួមមាន៖
– ចែកសម្ភារៈបង្គន់អនាម័យជូនប្រជាពលរដ្ឋចំនួន ១៨ គ្រួសារ និងពិនិត្យអណ្តូង Afridev នៅក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ។
-ពិនិត្យការដ្ឋានសាងសង់ផ្លូវកៅស៊ូ,បេតុង របស់គម្រោង SAAMBAT ចំនួន ២ ខែ្ស ប្រវែងសរុប ១៦ ១៦៩ ម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ។ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់អនុវត្តតាមបទដ្ឋានបច្ចេកទេស អនុវត្តតាមបទដ្ឋានបច្ចេកដើម្បីធានាឲ្យគុណភាពផ្លូវជនបទមានភាពរឹងមាំនិងយូរអង្វែង៕