លោកជំទាវ លីម មុយឡេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
- ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។
កិច្ចប្រជុំនោះរៀបចំឡើងនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដោយមានសមាសភាពអញ្ជើញចូលរួមរួមមាន លោកស្រី ជី ថាវី ប្រធានមន្ទីរ, លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យា សរុបចំនួន ៥២នាក់ ស្រី២២នាក់។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍បូកសរុបវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរដែលម្រេចបានដោយ លោកស្រី ជី ថាវី ប្រធានមន្ទីរ រួចមក លោកជំទាវរដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីអនុវត្តការងារបន្តរួមមាន៖
– ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវបន្តគោរពវិន័យ គោរពពេលវេលា ថែរក្សាអនាម័យបរិស្ថានក្នុង និងក្រៅបរិវេណកន្លែងធ្វើការឱ្យកាន់តែល្អប្រសើរ
– ជំរុញល្បឿនការអនុវត្តសកម្មភាពកម្មវិធីទាំង៤ ឱ្យសម្រេចបាន ១០០% នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤
– យកចិត្តទុកដាក់អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងរៀបចំកិច្ចប្រជុំត្រួតពិនិត្យឱ្យបានទៀងទាត់
– បន្តរក្សាសាមគ្គីភាពផ្ទៃក្នុងមន្ទីរ
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកជំទាវ បានដឹកនាំមន្ដ្រីបច្ចេកទេសមន្ទីរពិនិត្សផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែង ១ ១០០គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ព្រមទាំងបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអ្នកទទួលផល ប្រមាណ ៦០នាក់ និងផ្តាំផ្ញើចូលរួមថែរក្សាសមិទ្ធផលដ៏ល្អនេះដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕