ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ  បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ចែលរំលែក

ខេត្តព្រះវិហារ៖ថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដែលមាន សមាសភាពចូលរួមកិច្ចប្រជុំ រួមមាន៖ ប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តកិច្ចសន្យា សរុបចំនួន ១៩រូប ស្រីចំនួន ០៧រូប។

 

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាព របស់លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ឯកឧត្តមបានអញ្ជើញមានមតិសំណេះសំណាលចំពោះអង្គប្រជុំនូវចំណុចមួយចំនួនដូចខាងក្រោម៖

១. ផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ

២. បានឯកភាពលើរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់មន្ទីអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

៣. ត្រូវពង្រឹងការអនុវត្តកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០

៤. បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ យកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

៥. សូមយកចិត្តទុកដាក់លើការងារភូមិគំរូ

៦. បន្តកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់

៧. បន្តចុះពិនិត្យការអនុវត្តគម្រោងដៃគូ ឱ្យបានជាប់ជាប្រចាំនិងជួយណែនាំអ្នកម៉ៅការលើការងាររៀបចំសុវត្ថិភាពចរាចរណ៍ និងការត្រួតពិនិត្យគុណភាពសំណង់

៨. ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យ និងណែនាំប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកៅស៊ូ កុំឱ្យលប់លូបង្ហូរទឹក និងលើកដីភូមិខ្ពស់ជាងផ្លូវ ដោយពុំមានការដាក់លូដើម្បីរំដោះទឹក

៩. សូមរៀបចំរបៀបរបបការងារ និងបរិស្ថាន របស់មន្ទីរអភិវឌ្ឍន៍ជនបទ ឱ្យមានរបៀបរៀបរយ និងឱ្យបានល្អ

១០. បង្កើនការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ

១១. ពិភាក្សាការត្រៀមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទាន់ពេលវេលា។

 

ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ បានចុះពិនិត្យបរិស្ថានជុំវិញមន្ទីរ ការរៀបចំការិយាល័យនីមួយៗ និងបន្ទប់ទឹក គឺមានលក្ខណៈរៀបចំបានល្អ មានបរិស្ថានល្អ និងអនាម័យបានល្អផងដែរ។

 

នៅរសៀលថ្ងៃនោះដដែល ឯកឧត្តមរដ្ឋលេខាធិការបានចុះពិនិត្យសមិទ្ធផលថ្មីៗមួយចំនួនដូចខាងក្រោម៖

១. ចែកសម្ភារៈបង្គន់អនាម័យចំនួន ២៦បង្គន់ ដល់ប្រជាពលរដ្ឋចំនួន ២៦គ្រួសារ នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ដែលក្នុង១គ្រួសារ ទទួលបានសម្ភារៈបង្គន់៖ លូចំនួន ០៣កង់ (មុខកាត់ ១ម កម្ពស់ ០,៥ម), ជើងទម្រចំនួន ០១គ្រឿង, ចានបង្គន់ចំនួន ០១គ្រឿង, ផែនបង្គន់មានបិទការ៉ូចំនួន ០១ គ្រឿង,គម្របលូស្តុកចំនួន ០១គ្រឿង, បំពង់បង្ហូរ១ដើម ប្រវែង ១,៥ម, ធុងទឹកជ័រចំនួន០១, ស៊ីម៉ង់តិ៍ ចំនួន ១០ គីឡូក្រាម, ឥដ្ឋតាន់ចំនួន ៦០ដុំ និងស័ង្កសីចំនួន ១០សន្លឹក។

 

២. ចុះពិនិត្យវឌ្ឍនភាពការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ០១ខ្សែ ប្រវែង ៧គីឡូម៉ែត្រ ទទឹងខ្នងលើ ក្រាលល្បាយថ្មភ្នំ ៦ម៉ែត្រ និងបន្តពិនិត្យការងារការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់ (DBST) ចំនួន ០២ខ្សែ ប្រវែងសរុប ១៣,៣ គីឡូម៉ែត្រ ទទឹងខ្នងលើ ៧ម៉ែត្រ ស្ពានបេតុង ចំនួន ៣កន្លែង លូប្រអប់ចំនួន ៧កន្លែង និងលូមូលចំនួន ១៧កន្លែង ស្ថិតនៅឃុំពុទ្រា ឃុំស្អាង ឃុំខ្យង និងឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។

 

ជាមួយនឹងការចុះពិនិត្យផ្លូវ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលបានចាក់ដីលុបប្រឡាយចូលទៅលំនៅឋាន សុំឱ្យមានការដាក់លូរំដោះទឹក ដើម្បីឱ្យខ្សែផ្លូវទាំងនេះប្រើប្រាស់បានគង់វង្សយូរអង្វែង និងបាននាំយកក្រមាដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រមាចំនួន ១ ផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ