ឯកឧត្ដម ជា ស្រ៊ុន ដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ នៅស្រុកជីក្រែង
- ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ជា ស្រ៊ុន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ១៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៥កន្លែង ស្ថិតនៅភូមិខ្លាឃ្មុំ ភូមិត្រពាំងវែង ភូមិសាលា និងភូមិតាលៀន ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ។
ក្នុងឱកាសចុះពិនិត្យសមិទ្ធផលថ្មីនេះ ឯកឧត្ដម ជា ស្រ៊ុន បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវចំនួន ៩៥នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់ប្រឹក្សាឃុំ ជួយសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលបានចាក់ដីលុបប្រឡាយចូលទៅលំនៅឋាន សុំឱ្យមានការដាក់លូរំដោះទឹក ដើម្បីឱ្យខ្សែផ្លូវទាំងនេះប្រើប្រាស់បានគង់វង្សយូរអង្វែង។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្ដម បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីប្រគល់ជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រមាចំនួន ១ ផងដែរ។
បន្ទាប់ពីបានពិនិត្យរួចមកគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកផ្លូវទាំង ៥ខ្សែខាងលើដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាបពរ ៕