ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០០៧ – ២១ មិថុនា ឆ្នាំ២០២៤
- ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១១:២៤ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ ខែមិថុនា ឆ្នាំ២០០៧ – ២១ មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ដែលរៀបចំឡើងនៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការប្រារព្ធទិវានេះ ក្នុងគោលបំណងរំឭកដល់គំរូវីរភាពដ៏មោះមុត គុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងបង្ហាញឱ្យឃើញអំពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបស្នងសងគុណដល់អតីតយុទ្ធជន ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជ សាសន៍ ប៉ុល ពត ដើម្បីការពារបូរណភាពទឹកដី កសាងសន្តិភាព និងស្ថិរភាពសង្គមសំដៅដល់ការធានា ឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា៖ បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។
សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន ជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ តាមរយៈអាទិភាពមួយចំនួន រួមមាន៖
*ទី១៖ ការបន្តអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ការអនុវត្តរបបសន្តិសុខសង្គម និងការបន្តពង្រីក សេវាថែទាំសុខភាពសង្គម ឆ្ពោះទៅដល់ការគ្របដណ្ដប់សុខភាពសកល ស្របតាមការវិវឌ្ឍនៃស្ថានភាពសង្គម-សេដ្ឋកិច្ច
*ទី២៖ ការជំរុញ និងការបង្កើនសុខុមាលភាពនៃគ្រួសារក្រីក្រ គ្រួសារយុទ្ធជនមានពិការភាព ពលី មរណៈ និងគ្រួសារអតីតយុទ្ធជន ដោយផ្តល់ការគាំពារនានា រួមទាំង ការបន្តធ្វើប្រទានកម្មដី និងការផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់លំនៅឋាន និងកសិកម្ម៕