ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីឯកសារទស្សនាទានគម្រោងតេជោភូមិ១០០ “ TECHO ភូមិ១០០”

ចែលរំលែក

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី ឯកសារទស្សនាទានគម្រោងតេជោភូមិ១០០ “ TECHO ភូមិ១០០” ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា។

 

យោងតាមការលេីកឡេីងរបស់​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ និងសហការី​ បានជម្រាបជូនអង្គប្រជុំអំពីគម្រោងតេជោភូមិ១០០ គឺជាគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលមានភាពខុសប្លែកពីគេតែមួយគត់ គឺការបង្កើតគម្រោងទៅតាមតម្រូវការ និងសក្តានុពលរបស់ភូមិនីមួយៗ ដោយប្រើប្រាស់វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) ដោយយកវប្បធម៌ និងគំនិត TECHO ជាស្នូល។ វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) សំដៅលើការអភិវឌ្ឍដែលកៀរគរ និងប្រើប្រាស់ សក្តានុពលនៃធនធានក្នុងស្រុក រួមទាំងធនធានធម្មជាតិ និងធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជន សក្តានុពលកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅនឹងកន្លែង។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ជនបទ តាមរយៈភាពជាអ្នកដឹកនាំមូលដ្ឋានប្រកបដោយភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នានៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន និងកម្មវិធីភាពជាដៃគូសាធារណៈ ឯកជន និងប្រជាជន (Public Private People Partnership)។

 

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈកម្មការ ដែលផ្ដល់សេចក្ដីទុកចិត្ត និងជឿជាក់លើក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដការអនុវត្តគម្រោងតេជោភូមិ១០០ ដែលនេះគឺការចូលរួមចំណែកបន្ថែមទៀត លើការអភិវឌ្ឍនភូមិចម្រុះ ការអភិវឌ្ឍភូមិសន្ដិភាព និងការអភិវឌ្ឍភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូន ឯកឧត្តមប្រធានគណៈកម្មការ និងគណៈប្រតិភូអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, ២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្នុងចំណោមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង កម្មវិធីទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់ដែលអាចបណ្ដុះគំនិតសហគ្រិនភាព ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឱ្យប្រកបរបររកប្រាក់ចំណូលបន្ថែមក្រៅពីការប្រកបរបរកសិកម្ម ហើយគម្រោងតេជោភូមិ១០០នេះ នឹងដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍកាន់តែខ្លាំងឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ