ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងវេទិកាស្វែងយល់អំពីហានិភ័យឆ្នាំ២០២៤ (Understanding Risk, 2024_UR24) នៅប្រទេសជប៉ុន

ចែលរំលែក

ប្រទេសជប៉ុន ៖ នាថ្ងៃអាទិត្យ ១០កើត-សុក្រ១៥កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ៊ីមេជី (HIMEJI) ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអគ្នេយ៍ ជំហានទី២ (SEADRM 2) និងលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និងជាប្រធានគ្រប់គ្រងគម្រោង SEADRM 2 បានអញ្ជើញចូលរួមក្នុងវេទិកាស្វែងយល់អំពីហានិភ័យឆ្នាំ២០២៤ (Understanding Risk, 2024_UR24) ដែលរៀបចំដោយធនាគារពិភពលោក (WB) ក្រោមអធិបតីភាពលោកបណ្ឌិត Guangzhe Chen អនុប្រធានធនាគារពិភពលោក ដោយមានអ្នកចូលរួម ប្រមាណ ១ ៥៥០នាក់ មកពី ១៣៥ប្រទេស។

 

វេទិកាខាងលើមានគោលបំណង ដើម្បីផ្តល់វេទិកាពិភាក្សាអំពីការវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយ ការធ្វើបទបង្ហាញអំពីសមិទ្ធផលល្អៗ និងការវិវត្តនៃបច្ចេកវិទ្យាចុងក្រោយ សម្រាប់វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ប្រពៃណី ការឆ្នៃប្រឌិត និងភាពធន់ ដែលនឹងផ្តោតលើការកសាងអនាគតប្រកបដោយនិរន្តរភាព និងភាពធន់ ចំពោះបេតិកភ័ណ្ឌវប្បធម៌” ដោយបានផ្តោតទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងការព្យាករណ៍គ្រោះធម្មជាតិ ប្រព័ន្ធផ្ដល់សញ្ញាអាសន្ន និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងប្រព័ន្ធគាំពារសន្តិសុខសង្កមជាដើម។

 

វេទិកាពិភាក្សាអំពីការវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយ ឆ្នាំ២០២៤ នេះ ពិតជាមានសារ:សំខាន់ ដែលផ្ដល់ឱកាសដល់អ្នកចូលរួម និងជាពិសេសដៃគួរអភិវឌ្ឍន៍អាចធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរគំនិត និងបទពិសោធន៍ ព្រមទាំងបង្កើនចំណេះដឹងផ្នែកគ្រប់គ្រងគ្រោះមហន្តរាយថែមទៀតផង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ