ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ចែលរំលែក

ខេត្តកំពង់ចាម-ត្បូងឃ្មុំ៖ នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោកអភិបាល នៃគណៈអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។

 

ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

 

–  ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងមានប្រវែងសរុប ១៣,៥២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលត្រាច ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយមានរយៈពេលសាងសង់ចំនួន ១៨ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

 

–  ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៨៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលបានស្ថាបនាចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរភាពបរិស្ថាន (CFACV) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

 

–  ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង ដែលមាន ៣កំណាត់ ប្រវែងសរុប ៦,១០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ឆ្លងកាត់ឃុំទ្រា ទៅឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២៤ មានរយៈពេលសាងសង់ចំនួន ១២ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

 

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។  ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ៕

DCIM100MEDIADJI_0628.JPG
DCIM100MEDIADJI_0624.JPG
DCIM100MEDIADJI_0627.JPG

default
default
default
default

DCIM100MEDIADJI_0653.JPG
DCIM100MEDIADJI_0644.JPG

default
default

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ