ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញ ពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ និងអញ្ជើញសំណេះសំណាលជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ចែលរំលែក

ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ នៅក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលស្រុកមោងឫស្សី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែ។ ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

–  ខ្សែផ្លូវទី១៖ មានប្រវែងសរុប ១៤,៦១៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១០,១០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

–  ខ្សែផ្លូវទី២៖ មានប្រវែងសរុប ១៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សីទៅដល់ភូមិប៉ែន ឃុំមោង ស្រុកគាស់ក្រឡ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៧,៤៣% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

–  ខ្សែផ្លូវទី៣៖ មានប្រវែងសរុប ២៩,៣១៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ទៅដល់ភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១៩,២០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

 

សូមបញ្ជាក់ថា៖ កម្មវិធី RID4CAM នឹងត្រូវធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែងសរុបប្រមាណ ៤១៩,៩០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួន នៅក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ដោយឡែកខេត្តបាត់ដំបង កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៩ខ្សែ ប្រវែងសរុប ១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។

 

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង ជាពិសេសគួរគិតគូរដល់ការជ្រើសរើសនូវបច្ចេកវិទ្យាថ្មី ដើម្បីជំនួសវត្ថុធាតុដើមធម្មជាតិដែលកម្រ និងមានតម្លៃខ្ពស់។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។  ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ។

នាព្រឹកថ្ងៃដដែល បន្ទាប់ពីការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរ  បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងសរុបចំនួន ៤៤រូប។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ដែលជាការរួមចំណែកធ្វើឱ្យទទួលជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ការអប់រំផ្លាស់ប្ដូរឥរិយាបថ ការប្រកាន់ភ្ជាប់អនាម័យផ្ទាល់ខ្លួនឱ្យមានសុខភាពល្អ មាំមួន ដើម្បីលើកកម្ពស់អាយុសង្ឃឹមរស់មធ្យមឱ្យកាន់តែខ្ពស់ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញ និងបំណិនជីវិត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរកសិកម្ម និងទី៤) ការពង្រឹងស្ថាប័ន និងកិច្ចការរដ្ឋបាល  តាមរយៈការជ្រើសរើសមន្ដ្រី ការបណ្ដុះបណ្ដាលមន្រ្ដី និងយន្ដការលើកទឹកចិត្តមន្ដ្រីតាមគ្រប់រូបភាព តាមរយៈការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ដ្រី។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងទាំងអស់ ដូចខាងក្រោម៖

–  ត្រូវបន្ដបំពេញតួនាទីឱ្យបានសកម្មបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតឱ្យសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

–  ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធានសម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែច្រើន។

–  ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ, កំណត់របបប្រជុំ និងរាយការណ៍ឱ្យបានទៀតទាត់, ការរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅកន្លែងបំពេញការងារ និងរបៀបរបបធ្វើការ។

–  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ ៕

មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕

default
default

DCIM100MEDIADJI_0602.JPG
DCIM100MEDIADJI_0604.JPG

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ