ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង
- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ២:១៩ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ ទាំងអស់ សរុបចំនួន ២២នាក់ នៅសាលប្រជុំមន្ទីរ។
ជាកិច្ចចាប់ផ្តើម លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ មានមតិស្វាគមន៍ ដល់គណៈអធិបតី និងមន្ត្រីក្រោមឱវាទទាំងអស់។ ជាកិច្ចបន្ទាប់ លោក ពូ សុខហឿន ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ បានធ្វើបទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាស១ និងទិសដៅការងារឆមាសទី២ជូនអង្គប្រជុំ។
ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញមានប្រសាសន៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបានកន្លងមក ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន:។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖
-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់អោយចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឲ្យមានប្រសិទ្ធិភាព។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន មានដូចខាងក្រោម៖
-បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត
-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយតាមរយៈបណ្តាញសង្គម
-លើកទឹកចិត្តដល់មន្ត្រីអោយខិតខំធ្វើការងារ
-កំណត់របបប្រជុំឱ្យបានទៀងទាត់
-គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ
-រក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ។
កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕