ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ចែលរំលែក

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ សរុបចំនួន ៤៣នាក់។

 

ជាកិច្ចចាប់ផ្តើម លោក សំ នីតូ ប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងអានរបាយការណ៍ជូនដល់គណៈអធិបតី និងសមាជិក សមាជិកា នៃអង្គប្រជុំ។

 

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញមានប្រសាសន៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបានកន្លងមក ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន:។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នូវក្តីនឹករលឹក និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំផងដែរ។  ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖

-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឲ្យមានប្រសិទ្ធិភាព។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន មានដូចខាងក្រោម៖

-បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត

-បន្តចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយតាមរយៈបណ្តាញសង្គម

-ស្នើឱ្យចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងឱ្យមានប្រសិទ្ធភាព

-បន្តលើកទឹកចិត្តដល់មន្ត្រីដែលខិតខំធ្វើការងារ

-កំណត់របបប្រជុំឱ្យបានទៀងទាត់

-បន្តគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ

-បន្តរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

 

នៅថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយលោក សំ នីតូ ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ មន្រ្តីបច្ចេកទេសមន្ទីរ លោកមេឃុំតាមបណ្តោយផ្លូវ វិស្វករប្រចាំការដ្ឋាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២ ៤៣០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ១ ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង របស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តសម្រេចបានប្រមាណ ៨,៧៥%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ