ឯកឧត្ដម ឈឹម សៅគី ដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្ដីរាជការ និងការគ្រប់គ្រងវត្តមានរបស់មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៧:១២ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្ដីរាជការ និងការគ្រប់គ្រងវត្តមានរបស់មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីពាក់ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីលើកកម្ពស់ផលិតភាពការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក៏ដូចជាលើកកម្ពស់យន្តការតាមដាន និងត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ សំដៅលើការធានាឱ្យបាននូវការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការបែងចែកតួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗប្រកបដោយឆន្ទៈ មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ តាមរយៈការធ្វេីបទបទបង្ហាញបានបញ្ជាក់ថា សៀវភៅសម្រាប់កត់ត្រាប្រចាំថ្ងៃមានពីរប្រភេទ គឺទី១ សម្រាប់ថ្នាក់ដឹកនាំ(ប្រធាននាយកដ្ឋានឡើង) និងទី២ សម្រាប់មន្រ្ដីរាជការ (ប្រធានការិយាល័យចុះ)ដែលតម្រូវឱ្យសរសេរពីសកម្មភាពបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនតាមការិយាល័យជាបន្តបន្ទាប់។
បន្ទាបលពីស្តាប់បទបង្ហាញដោយលោកប្រធាននាយកដ្ឋានរួចមក ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងមន្រ្ដីរាជការ ដែលកិច្ចការនេះសំដៅលើកទឹកចិត្តដល់មន្រ្ដីរាជការដែលបានមកបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។
ជាមួយនេះដែរ ឯកឧត្ដម បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោមនេះ ៖
-ថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទក្រសួងត្រូវយកចិត្តទុកដាក់ចំពោះមន្រ្ដីមានបញ្ហាសុខភាព
-ត្រូវមានការយោគយល់ចំពោះស្រ្ដីមានផ្ទៃពោះ ឬកូននៅតូច
-នាយកដ្ឋានរដ្ឋបាល និងបុគ្គលិកត្រូវផលិតសៀវភៅសកម្មភាពការងារប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់តាមអង្គភាព
-ត្រូវសម្របសម្រួល និងរៀបចំ កន្លែងធ្វេីការតាមអង្គភាពនីមួយៗ ឲ្យមានអនាម័យ និងបរិស្ថានល្អ សម្រាប់មន្រ្ដីក្រោមឱវាទបំពេញការងារប្រចាំថ្ងៃ
-ត្រូវបំពេញប្រវត្តិរូបផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ស្របទៅតាមជំនាញ ៕